Monday, January 7, 2019

បែកធ្លាយ..! លោក ហ៊ូវ ជីវ៉ៃ បានប្រេីប្រាសទឹកលុយ បិតភ្នែកសមត្ថកិច្ច ក្នុងការរកសុីឈើខុសច្បាប់យ៉ាងគក្រិកគក្រេងជាងមុនទៅទៀត...!

·   0

ថ្មីៗនេះ តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍នៅភូមិប៉ាដលបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សេចក្តីរាយការណ៍បានបន្តថា មេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូ ជីវ៉ៃ ជាមន្រ្តីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយរាប់សែនដុល្លារក្នុងមួយខែៗ ទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធគ្រប់ចំនួនគ្រប់អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននេះ។


ប្រភពព័ត៌មានខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើនេះបានយកលុយពីឈ្មួញឈើជនជាតិយួនរាប់សែនដុល្លារ មកចែកចាយឲ្យមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ១៧ ធ្នូ ថ្មីៗនេះ ដើម្បីបើកផ្លូវឲ្យពួកគេបានសិទ្ធិដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារបែកធ្លាយព័ត៌មានដល់ថ្នាក់ជាតិ។
បេីតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ទំនងញៀនញ៉ាមនឹងការប្រព្រឹត្តពុករលួយ បានជាបណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែន ដោយគ្មានរអែងថ្នាក់ដឹកនាំជាតិឡើយ។
ក្រៅពីការកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើ ព្រៃឈើក្នុងឧទ្យានជាតិវិរៈជ័យក្នុងស្រុកតាវែង និងស្រុកសេសាន ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ក៍ត្រូវបានមេឈ្មួញដុះស្លែល្បីឈ្មោះ ប្រចាំខេត្តរតនៈគិរីទាំងពីរូបនេះ ចេញមុខកាងឲ្យគេចូលកាប់បំផ្លាញយ៉ាងមហន្តរាយ ដឹកយកទៅលក់នៅព្រំដែនយួនដែរ ដោយមួយចំនួនធំចេញតាមច្រករបៀង និងមួយចំនួនទៀតចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។


លោក អ៊ូច ឡេង វីរៈជនបរិស្ថានពិភពលោកឆ្នាំ២០១៦បានថ្លែងថា បទល្មើសព្រៃឈើមិនអាចទប់ស្កាត់បាន ពីព្រោះនេះជាមុខរបរដ៏ចម្បងរបស់បុគ្គលមានអំណាចរកស៊ីឈើដុះស្លែ ដែលមានការឃុបឃិតគ្នា ជាប្រព័ន្ធតាំងពីក្រោម ដល់លើ តាំងពីក្នុងព្រៃរហូតឆ្លងដែន ជាពិសេសឈ្មួញមក ពីវៀតណាម និង ចិន ដែលធ្វើការនាំចេញទៅទីផ្សារអន្តរជាតិនានា ជាមូលហេតុនៃវិនាសកម្មព្រៃឈើនៅកម្ពុជា ដែលមិនអាចទប់ស្កាត់បានឡើយ។
គួរបញ្ជាក់ថា: ទោះបីកន្លងមកមានអង្គភាពសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកធ្វើការចុះផ្សាយ ពីសកម្មភាពរកសុីឈើខុសច្បាប់ របស់មេឈ្មួញល្បីឈ្មោះទាំងពីរនាក់ខាងលើក្តី តែហាក់គ្មានសញ្ញាណណាមួយថា ចៅហ្វាយ ខេត្តលោក ថង សាវុន និងលោក គឹម រស្មី មិនយកវិធានការច្បាប់ទៅអនុវត្តន៍លើបុគ្គលទាំងពីររូបនេះឡើយ ។ បែបនេះហើយបានបង្កឲ្យមានការមន្ទិលសង្ស័យថា លោក ថង សាវុន និង លោក គឹម រស្មី អាចជាម្ចាស់ភាគហ៊ុនមួយដ៏ធំក្នុងជំនួញឈើខុស ច្បាប់ក្នុងខេត្តរតនគិរីនេះ៕

Subscribe to this Blog via Email :